Posted in សង្គម

សៀវភៅមួយក្បាលដែលគួរណែនាំ

photo_2019-06-09_21-17-37
សៀវភៅនេះអាចរកបាននៅបណ្ណាគារអន្តរជាតិ (IBC)

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខ្ញុំបានឆៀងចូលបណ្ណាគារ ក៏ប្រទះសៀវភៅមួយក្បាលនៅទីនោះដែលសរសេរពីការសិក្សាពី អំពើពុករលួយ ។ សៀវភៅនោះមានចំណងជើងថា សង្គមសាស្ត្រនៃបញ្ហាពុករលួយ ដែលត្រូវបានសរសេរក្នុងឆ្នាំ ១៩៧២ ដោយលោក ប៉ាន សុធី ហើយបើគិតមកដល់សព្វថ្ងៃ(ឆ្នាំ២០១៩) គឺមានរយៈពេល ៤៧ឆ្នាំហើយ។ ថ្វីត្បិតតែសៀវភៅមួយក្បាលនេះមានអាយុកាលជាងកន្លះសតវត្សទៅហើយក្ដី ក៏គោលគំនិត និងខ្លឹមសារ នៅតែមានតម្លៃគួរយកមកពិចារណាសម្រាប់ពេលបច្ចុប្បន្ន ជាពិសេសនោះគឺ ហេតុដែលនាំឲ្យសង្គមមួយក្លាយជាពុករលួយ លទ្ធផលដែលបណ្ដាលមកពីអំពើនេះ និងទស្សនទានមួយចំនួនសម្រាប់ពិចារណាដើម្បីយកទៅព្យាបាលជំងឺសង្គមមួយនេះ។ ក្នុងសៀវភៅនេះដែរ អ្នកនិពន្ធបានប្រមែប្រមូលនូវទស្សនៈរបស់អ្នកប្រាជ្ញ និងសង្គមវិទូល្បីៗជាច្រើនទូទាំងសកលលោក តាំងពីសម័យបុរាណរហូតមកដល់សម័យទំនើបនេះ ជុំវិញបញ្ហាពុករលួយនេះ។ សម្រាប់បងប្អូនដែលចូលចិត្តអានសៀវភៅឬអត្ថបទដែលទាក់ទងនឹងសង្គម ខ្ញុំសូមណែនាំសៀវភៅមួយក្បាលនេះ ដែលអាចរកបាននៅបណ្ណាគារ ឬតាមរយៈ វេបសាយនេះ ។

Advertisements
Posted in ដំណើរកម្សាន្ត, នគរូបនីយកម្ម

ទៅលេងស្រុកចិន

20190123_075135

កាលពីអាទិត្យមុន​ ខ្ញុំបានធ្វើដំណើរកម្សាន្តទៅលេងប្រទេសចិនចំនួនបីយប់បួនថ្ងៃ។ នេះជាលើកទីពីរហើយ ដោយលើកទីមួយខ្ញុំបានទៅស្រុកចិនក្នុងឆ្នាំ ២០១៣ ដើម្បីចូលរួមកម្មវិធីយុវជនមហាអនុតំបន់ទន្លេមេគង្គ។ ទៅចិនលើកនេះខ្ញុំចាប់អារម្មណ៍ចំពោះការរស់នៅរបស់ប្រជាជនចិន ក៏ដូចជាការរៀបចំ និងគ្រប់គ្រងប្រទេស របស់រដ្ឋកុម្មុយនីស្ដមួយនេះ។

20190123_165019-01

ការរកស៊ី និងការរកទីផ្សារ

អ្នកណាក៏ដឹងថា ជនជាតិចិនពូកែរកស៊ីណាស់។ ពួកគេមានគំនិតរកស៊ីប្លែកៗ និងឈ្លាសវៃ។ បច្ចេកទេសទីផ្សាររបស់ពួកគេចំពោះទេសចរគឺ គេជួយចេញថ្លៃ ឬឧបត្ថម្ភដល់ក្រុមហ៊ុនទេសចរណ៍ នូវថ្លៃរថយន្ត ថ្លៃស្នាក់នៅ​ និងថ្លៃហូបចុក ហើយតម្រូវឲ្យក្រុមហ៊ុនទេសចរណ៍នាំភ្ញៀវទៅទស្សនា និងទិញឥវ៉ាន់នៅហាងរបស់ពួកគេវិញ ជាការតបស្នង។ ថ្វើដូចនេះ ហាងពួកគេនឹងមានអតិថិជនជាប្រចាំ។

បច្ចេកវិជ្ជា

ប្រជាជនភាគច្រើនហាក់ពុំមានបញ្ហាក្នុងការប្រើប្រាស់បច្ចេកវិជ្ជាទេ​ ព្រោះគេអាចប្រើវាជាភាសាចិនបាន ខុសពីប្រទេសយើងដែលបច្ចេកវិជ្ជាជាភាសាអង់គ្លេស ហើយមានការពិបាកដល់ប្រជាជនដែលមិនចេះភាសានេះ។ ជនជាតិចិនអាចប្រើទូរស័ព្ទក្នុងការទូទាត់ថ្លៃផ្សេងៗមិនថាតិចឬច្រើន រាប់តាំងពីទិញទំនិញក្នុងផ្សារទំនើប ឬគ្រាន់តែទិញទឹកមួយដបនៅតូបតាមផ្លូវ។

ចរាចរណ៍

ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងដែលមិនឃើញមានម៉ូតូជិះតាមផ្លូវក្នុងក្រុង។ តាមពិតទៅ ម៉ូតូត្រូវបានហាមឃាត់ក្នុងការធ្វើចរាចរណ៍នៅក្នុងទីក្រុងក្នុងហេតុផលសន្តិសុខ និងសណ្ដាប់ធ្នាប់។ ផ្ទុយមកវិញប្រជាជនដែលមិនមានរថយន្តផ្ទាល់ខ្លួន អាចធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈ ឬកង់ដែលមានផ្លូវផ្សេងដោយឡែកពីផ្លូវរថយន្ត ឬតាមរថភ្លើងក្រោមដី និងលើអាកាស ដែលមាននៅតាមទីក្រុងធំៗ។ ផ្លូវទៀតសោតក៏ធំៗ ខ្លះមាន ៦ គន្លង ខ្លះមានរហូតដល់ ១០ គន្លង ហើយមានបែងចែកផ្លូវលឿន និងផ្លូវធម្មតា។

សន្តិសុខ

ដោយសារតែចិនជាប្រទេសកុម្មុយនីស្ត ហើយមានប្រជាជនច្រើន ដូចនេះសន្តិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់។ កាមេរ៉ាសុវត្ថិភាពមាននៅគ្រប់ផ្លូវគ្រប់ច្រក ហើយប៉ុស្ដិ៍ប៉ូលីសក៏ត្រូវបានដាក់ពង្រាយនៅគ្រប់កន្លែង ដោយកន្លែងខ្លះឃ្លាតពីគ្នាប្រហែលមួយឬពីរផ្លូវប៉ុណ្ណោះ។

ទីក្រុងសម្រាប់អនាគត

ចិនកំពុងប្រែក្លាយទីក្រុងធំៗរបស់ខ្លួនទៅជាទីក្រុងទំនើបសម្រាប់ពេលអនាគត ដោយក្រុងនិមួយៗកំពុងប្រឹងប្រែងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិជ្ជា ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងលំហបៃតងក្នុងក្រុង។

20190124_162829

Posted in ផ្ទាល់ខ្លួន

រើផ្ទះ

បន្ទាប់ពីរស់នៅកាំកូស៊ីធីអស់កាលបីឆ្នាំជាង​ ខ្ញុំក៏សម្រេចចិត្តរើផ្ទះមករស់នៅជាមួយម៉ាក់ប៉ានៅឯសង្កាត់និរោធវិញ ។ មូលហេតុដែលបណ្ដាលឲ្យសម្រេចចិត្តរើមកនៅជាមួយពួកគាត់ គឺទីមួយមកពីចង់ចំណាយពេលនៅជាមួយគ្រួសារឲ្យបានច្រើន ទីពីរគឺមកពីរៀនចប់ដូច្នេះមិនចាំបាច់រស់នៅក្បែរសាលាដូចមុនទៀត ទីបីគឺចង់កាត់បន្ថយថ្លៃចំណាយផ្សេងៗដូចជាទឹកភ្លើងម្ហូបអាហារជាដើម ទីបួនគឺចង់រកចំណូលបន្ថែមដោយការដាក់ផ្ទះនៅកាំកូជួល និងទីប្រាំគឺបាននៅជិតម្ចាស់ចិត្តដែលក៏ជាអ្នកភូមិផងរបងជាមួយគ្នា ។  ជាងមួយសប្ដាហ៍ហើយដែលខ្ញុំបានរើឥវ៉ាន់មកបណ្ដើរៗ ប៉ុន្តែនៅសល់ឥវ៉ាន់ច្រើនទៀតដែលត្រូវចំណាយពេលនិងកម្លាំងគ្នាច្រើនដើម្បីជញ្ជូន ហើយសម្ភារៈមួយចំនួនប្រហែលជាត្រូវទុកនៅទីនោះឲ្យអ្នកជួលផ្ទះគាត់ប្រើប្រាស់ ។

Posted in នគរូបនីយកម្ម

ខ្សែរថយន្តក្រុងថ្មី

កាលពីដើមខែតុលា ព.ស. ២៥៦១ សាលារាជធានីភ្នំពេញបានទទួលរថយន្តថ្មីចំនួន ៨០គ្រឿងដែលជាជំនួយរបស់ប្រទេសជប៉ុន បន្ថែមពីលើរថយន្តក្រុងដែលមានស្រាប់ចំនួនជាង ១៦០ គ្រឿង ហើយបានផ្ដល់លទ្ធភាពក្នុងការពង្រីកខ្សែរត់ចាស់ និងបន្ថែមខ្សែរត់ថ្មី រហូតដល់ ១៣ ខ្សែ ។

ខាងក្រោមនេះជារូបភាពបណ្ដាញខ្សែរត់ទាំង ១៣ខ្សែ ហើយខ្សែខ្លះមានបែកខ្នែងផងដែរ៖

44997118_1105043359675381_4662335150409908224_o

43117202_1950242948355115_2356683134096900096_o

Posted in សង្គម

ចាប់ផ្ដើមបើកយុទ្ធនាការឃោសនាស្វែងរក សម្លេងឆ្នោត

ថ្ងៃទី ៧ កក្កដានេះ ជាថ្ងៃ​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ (២០១៨-២០២៣) ។ ការ​ឃោសនា​ស្វែងរក​​សម្លេងឆ្នោតនេះ​​មាន​រយៈពេល ២១ ថ្ងៃ គិតចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ ពោលគឺនឹងត្រូវបញ្ចប់ពីរ​ថ្ងៃមុន ថ្ងៃបោះឆ្នោត (២៩ កក្កដា ២០១៨) ។

Posted in ផ្ទាល់ខ្លួន

លោកយាយបានទទួលអនិច្ចកម្ម

20180604_140155

កាលពីមួយសប្ដាហ៍កន្លងទៅនេះ ខ្ញុំក៏ដូចជាក្រុមគ្រួសារទាំងមូល​មានទុក្ខជាទម្ងន់​ដោយបានបាត់បង់លោកយាយជាទីស្រលាញ់​ ។ ការបាត់បង់រូបលោកយាយ ជាការបាត់បង់ដ៏ធំនៃក្រុមគ្រួសារ​ និងសាច់ញាតិរបស់ខ្ញុំទាំងមូល ។ លោកយាយបានលាចាកលោក បន្ទាប់ពីឈឺ ហើយត្រូវសម្រាកព្យាបាល​នៅមន្ទីរពេទ្យនាក្រុងភ្នំពេញ អស់រយៈពេលជាង ៦ សប្ដាហ៍ ។ លោកយាយបានទទួលអនិច្ចកម្មនៅយប់ថ្ងៃអាទិត្យ ទី ៣ ខែមិថុនា ព.ស. ២៥៦២ វេលាម៉ោង ២៣ និង​ ៥៥ នាទី នៅគេហដ្ឋាន នាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សពលោកយាយត្រូវបានតម្កល់ទុកនៅ គេហដ្ឋានខាងលើ ដើម្បីធ្វើពិធីបុណ្យ ។ មរណភាពរបស់លោកយាយ ក៏ត្រូវបានសារព័ត៌មាន​ក្នុងស្រុកមួយចំនួន​ចុះផ្សាយផងដែរ ។

ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់លោកយាយ

លោកយាយឧបាសិកា ឃឹម ជា កើតនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៤០ ក្នុងគ្រួសារត្រកូលកសិករ ដែលមានឪពុកឈ្មោះ ស្រី ឃឹម និងម្ដាយឈ្មោះ អ៊ី ឃុត ។

លោកយាយជាកូនច្បង ក្នុងចំណោមបងប្អូន ៧ នាក់ តែបច្ចុប្បន្ននៅសល់តែម្នាក់ប៉ុណ្ណោះ ។ លោកយាយមានស្វាមីឈ្មោះ រស់ ជួប ព្រមទាំងបុត្រចំនួន​ ៦ នាក់ ។

កាលពីកុមារភាព កុមារី ឃឹម ជា បានសិក្សានៅសាលាបឋមសិក្សាកំពង់ធំក្រុង រួចបន្តការសិក្សានៅអនុវិទ្យាល័យកំពង់ធំ ។​ ក្នុងឆ្នាំ ១៩៦០ កញ្ញា ឃឹម ជា បានក្លាយជាគ្រូបង្រៀនថ្នាក់បឋមសិក្សាកំពង់ធំក្រុង ។​ ក្នុងឆ្នាំ ១៩៦៣ កញ្ញា ឃឹម ជា ត្រូវបានគណៈកម្មការយុវ័នខេត្ត ជ្រើសរើសជាអ្នកបង្ហូតទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីទទួលប្រាសាទព្រះវិហារមកជារបស់ខ្មែរវិញ ក្រោមព្រះរាជធិបតីភាពព្រះបរមរតនកោដ្ឋ នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ។

ក្នុងរបបសាធារណរដ្ឋខ្មែរ អ្នកស្រី ឃឹម ជា នៅតែបន្តអាជីពជាគ្រូបង្រៀនដដែល តែត្រូវផ្លាស់ទៅបង្រៀននៅសាលាបឋមសិក្សាពញាក្រែក នាទីក្រុងភ្នំពេញ ។

ក្រោយការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ អ្នកស្រី ឃឹម ជា ត្រូវបានពួកខ្មែរក្រហម ជន្លៀសពីទីក្រុងភ្នំពេញ មកភូមិសំពង់ សង្កាត់ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយក៏ក្លាយជាកសិករដូចប្រជាជនខ្មែរដទៃទៀតដែរ ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ អ្នកស្រី ឃឹម ជា ក៏នាំក្រុមគ្រួសារ ធ្វើដំណើរមកកាន់ទីរួមខេត្តកំពង់ធំ ដែលជាស្រុកកំណើរ ហើយបានបម្រើការងារក្នុងវិស័យអប់រំ ។ ក្នុងឆ្នាំ ១៩៨៧ អ្នកស្រី ឃឹម ជា ក៏ផ្លាស់ទៅភ្នំពេញតាមស្វាមី ធ្វើជាបុគ្គលិកសិក្សាក្នុងសាលាគរុកោសល្យនិងវិក្រឹតការមជ្ឈិម រហូតដល់ចូលនិវត្តន៍ក្នុងខែកក្កដា ឆ្នាំ ១៩៩២ ។

ក្រោយចូលនិវត្តន៍ លោកយាយ ឃឹម ជា បានថ្វាយខ្លួនចំពោះព្រះពុទ្ធសាសនាក្លាយជាឧបាសិកា ។

អានផងដែរ៖

អតីត​ស្រ្តីខ្មែរ​មានសម្រស់ល្អឯក ក្នុងជំនាន់ឆ្នាំ1963 ដែលឡើងបង្ហូតទង់ជាតិខ្មែរ លើប្រាសាទព្រះវិហារ បានទទួលមរណភាពហើយ

ស្រ្តីខ្មែរដែលឡើងបង្ហូតទង់ជាតិ លើប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦៣ ទទួលមរណភាពហើយ